មន្ត្រីទីក្រុងព្យុងយ៉ាងដែលទទួលបន្ទុកកិច្ចការកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃទី១២ ខែមិថុនា កូរ៉េខាងជើងអស់ទំនុកចិត្តលើរដ្ឋាភិបាលកូរ៉េខាងត្បូងហើយ និងបានព្រមានទីក្រុងសេអ៊ូលពីផលវិបាកនៅពេលខាងមុខទៀតផង។ ការព្រមាននេះ ជាសារថ្មីមួយទៀតរបស់កូរ៉េខាងជើងដែលបានរិះគន់កូរ៉េខាងត្បូងពាក់ព័ន្ធការមិនទប់ស្កាត់ជនភៀសខ្លួនកូរ៉េខាងជើងដែលបង្ហោះខិត្តបណ្ណឆ្លងព្រំដែនខណ្ឌចែកឧបទ្វីបកូរ៉េ។
មួយរយៈពេលចុងក្រោយនេះ កូរ៉េខាងជើង បានប្រើពាក្យសម្ដីវាយប្រហារកូរ៉េខាងត្បូងលើអ្វីខ្លួនចាត់ទុកជាការមិនអើពើនឹងកិច្ចព្រមព្រៀងអន្តរកូរ៉េតាមរយៈការបណ្ដែតបណ្ដោយឲ្យជនភៀសខ្លួនកូរ៉េខាងជើងបង្ហោះខិត្តបណ្ណដែលវាយប្រហារលោក គីម ជុងអ៊ុន ចូលទឹកដីកូរ៉េខាងជើង។ បើទោះជារដ្ឋាភិបាលសេអ៊ូល រួមទាំងវិមានប្រធានាធិបតីកូរ៉េខាងត្បូង ប្ដេជ្ញាទប់ស្កាត់មិនមានរឿងបែបនេះកើតឡើងរហូតធ្វើច្បាប់ហាមឃាត់ក្ដី ទីក្រុងព្យុងយ៉ាងមិនបានស្ងប់ចិត្តឡើយ។
លោក Jang Kum-chol នាយករណសិរ្សរួបរួមដែលជានាយកដ្ឋានទទួលបន្ទុកទំនាក់ទំនងអន្តរកូរ៉េរបស់កូរ៉េខាងជើង ចាត់ទុកសេចក្ដីថ្លែងការណ៍របស់កូរ៉េខាងត្បូងជាការសុំទោសដែលគួរតែត្រូវបានសាទរ។ ប៉ុន្តែលោកបានហៅសេចក្ដីថ្លែងការណ៍នោះ គ្រាន់តែជាការកេងចំណេញស្ថានការណ៍សព្វថ្ងៃ ព្រោះបើប្រៀបធៀបនឹងអ្វីដែលកូរ៉េខាងត្បូងបានធ្វើ គឺមិនសក្តិសមឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី១២ ខែមិថុនា។ «ឧប្បត្តិហេតុថ្មីៗនេះ បានកម្ទេចទៅជាចម្រៀកៗទំនុកចិត្តលើអាជ្ញាធរកូរ៉េខាងត្បូងដែលយើងប្រឹងប្រែងដើម្បីកសាងឡើង។» នេះជាការបញ្ជាក់របស់លោក Jang ដែលបន្ថែមថា កូរ៉េខាងត្បូងលែងចង់ចរចាទល់មុខជាមួយកូរ៉េខាងត្បូងទៀតហើយ ព្រោះកូរ៉េខាងត្បូងធ្វើជាចរចាដើម្បីចង់បានលទ្ធផលធំដុំ ប៉ុន្តែមិនបានធ្វើសកម្មភាពអ្វីឡើយ។
បើតាមមន្ត្រីកូរ៉េខាងជើងរូបនេះ ចាប់ពីពេលនេះទៅ ពេលវេលានឹងក្លាយជាការឈឺចាប់ និងសោកស្ដាយសម្រាប់កូរ៉េខាងត្បូង។ លោក Jang បន្តរិះគន់ថា កូរ៉េខាងត្បូងបានតែនិយាយប៉ុណ្ណោះ ហើយឌឺដងការធ្វើច្បាប់របស់សេអ៊ូលដើម្បីទប់ស្កាត់សកម្មជនកូរ៉េខាងជើងបង្ហោះខិត្តបណ្ណទៀតផង។ មន្ត្រីរូបនិយាយផ្លែផ្កាថា បើគិតគូរទំនាក់ទំនងអន្តរកូរ៉េមែន កូរ៉េខាងត្បូងគួរតែបង្កើតច្បាប់បានច្រើនតាំងពីប្រធានាធិបតី មូន ចេអ៊ីន ជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅប៉ាន់មុនជុមនៅឆ្នាំ២០១៨មក។ កន្លងទៅ មិនមែននិយាយតែមាត់ឡើយ កូរ៉េខាងជើងក៏បានកាត់ផ្ដាច់បណ្ដាញទំនាក់ទំនងទាំងអស់រាប់ទាំងខ្សែទំនាក់ទំនងពិសេសរវាងទីស្នាក់ការបក្សពលករកូរ៉េដែលជាការិយាល័យធ្វើការរបស់លោក គីម និងវិមានCheong Wa Dae របស់លោក មូន ផងដែរ។ កូរ៉េខាងជើងក៏ពន្លះអាមេរិក និងអគ្គលេខាធិការអង្គការសហប្រជាជាតិដែលបង្ហាញក្ដីបារម្ភពីបញ្ហានេះទៅទៀត៕