កូរ៉េខាងជើង-អាមេរិក ៖ ក្រសួងការបរទេសកូរ៉េខាងជើងថ្លែងកាលពីថ្ងៃទី១១ មិថុនា ថា សហរដ្ឋអាមេរិកពុំមានសិទ្ធិណាមួយដើម្បីធ្វើអត្ថាធិប្បាយលើកិច្ចការអន្តរកូរ៉េឡើយ ហើយបានណែនាំដល់រដ្ឋការអាមេរិកថា យកល្អគួរនៅស្ងៀមប្រសិនបើខ្លួនចង់ឲ្យការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី៣ វិច្ឆិកាខាងមុខនេះប្រព្រឹត្តទៅដោយរលូន ។
សេចក្ដីថ្លែងការណ៍នោះ ដែលដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិក សម្ដែងពីការខកចិត្តរបស់ខ្លួន ក្រោយការកាត់ផ្ដាច់កាលពីថ្ងៃទី៩ មិថុនា របស់កូរ៉េខាងជើងបណ្ដាខ្សែទាក់ទងដោយផ្ទាល់ជាមួយកូរ៉េខាងត្បូង ។
ក្រោយការគំរាមកំហែងជាច្រើនថ្ងៃ ក្រុងព្យុងយ៉ាងបានកាត់ផ្ដាច់ខ្សែទាក់ទងដោយផ្ទាល់ទាំងឡាយរបស់ខ្លួនជាមួយកូរ៉េខាងត្បូងដើម្បីបរិហារភាពអសកម្មភាពរបស់ក្រុងសេអ៊ូល ចំពោះការបញ្ជូនបណ្ដាសាររបស់ពួករត់ចោលជួរកូរ៉េខាងជើងទៅកាន់ប្រទេសពួកគេ ។ កាលពីថ្ងៃទី១០
មិថុនា កូរ៉េខាងត្បូងថ្លែងថា ខ្លួននឹងសន្យាឲ្យតុលាការចាត់ការប្រឆាំងអង្គការ២ដែលធ្វើប្រតិបត្តិការបែបនោះ ។
លោក KWON JONG GUN ដែលទទួលបន្ទុកកិច្ចការអាមេរិកនៃក្រសួងការបរទេសកូរ៉េខាងជើងបានគំរាមថា ប្រសិនបើអាមេរិកលូកដៃចូលកិច្ចការរបស់អ្នកដទៃ ដោយធ្វើអត្ថាធិប្បាយពុំមានការប្រុងប្រយ័ត្ននានាមិនគិតដោះស្រាយកិច្ចការរបស់ខ្លួនផ្ទាល់ ពេលដែលសភាពការណ៍នយោបាយរបស់ខ្លួនកំពុងតែអាក្រក់ និងបាត់បង់របៀបរៀបរយពុំធ្លាប់មានពីមុនមក នោះអាមេរិកអាចរងដំបងដែលត្រឡប់ទៅសំពងខ្លួនឯង ។
លោកបន្តថាសហរដ្ឋអាមេរិកត្រូវប្រកាន់ពាក្យសន្យារបស់ខ្លួន ។ នោះវាមិនគ្រាន់តែល្អសម្រាប់ផលប្រយោជន៍របស់អាមេរិកប៉ុណ្ណោះទេតែក៏សម្រាប់ការប្រព្រឹត្តទៅដោយរលូន ការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខនេះដែរ ។
ចំណែករដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង វាយតម្លែកាលពីថ្ងៃទី១២ មិថុនាថា ពេលនេះកូរ៉េខាង
ជើងពិតជាអស់សង្ឃឹមចំពោះអវត្តមាននៃការរីកចម្រើនក្នុងការចរចាជាមួយអាមេរិក ២ឆ្នាំក្រោយការជួបគ្នាកំពូលជាប្រវត្តិសាស្ត្ររវាងលោកគីមជុងអ៊ុន និងលោកដូណាល់ ត្រាំ ។
រដ្ឋមន្ត្រីរូបនោះលោក RI SON GWON ក្នុងសេចក្ដីប្រកាសមួយចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA អះអាងថា ក្ដីសង្ឃឹមកែលម្អទំនាក់ទំនងរវាងប្រទេសទាំង២ដែលមានខ្ពស់
ក្រោមក្រសែភ្នែករបស់ពិភពលោកទាំងមូល កាលពី២ឆ្នាំមុន ពេលនេះបានប្រែក្លាយទៅជាបាត់សង្ឃឹមអស់មកពីបាត់បង់ល្បឿន ។ លោកបន្តថាក៏ទោះបីប្រទេសទាំង២និយាយថាចង់បានសន្តិភាព តែក្រុងវ៉ាស៊ិនតោនបែរជាចង់ធ្វើឲ្យសភាពការណ៍ធ្ងន់ធ្ងរវិញ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)