វត្តពោធិ៍វាល ឬហៅខ្លីថា វត្តពោធិ៍គឺជាវត្តមួយដែលមានទីតាំងស្ថិតនៅសង្កាត់រតនៈ ក្រុងបាត់ដំបង ត្រើយខាងកើតស្ទឹងសង្កែ ចំទល់មុខផ្សារណាត់ ដែលពីមុនមកមានកំពង់ចម្លងទៅមក អ្នកស្រុកហៅថាកំពង់ចម្លងវត្តពោធិ៍វាល។
អារាមសាសនាមួយនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកនិយមបទពីសង្គមចាស់ស្គាល់ច្បាស់តាមរយៈបទ “ម្លប់ដូងទី១០ ជាស្នាដៃនិពន្ធរបស់កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ក្នុងឆ្នាំ១៩៦៩ និងបង្ហើរសំនៀងពីរោះក្រអួនក្រអៅដោយ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។

វត្តមានរបស់វត្តពោធិ៍ត្រូវបានបន្លឺឡើងនៅឃ្លាដំបូងបំផុតនៃបទចម្រៀងដែលមានខ្លឹមសារថា៖ “មើលស្ទឹងសង្កែ មើលខ្សែទឹកហូរ រគាំងវត្តពោធិ៍ លាយនឹងជំនោរថ្ងួចថ្ងូរ ផ្ដាំទឹកជំនន់ រៃយំទ្រហឹង លាស្ទឹងកវីនិពន្ធ សុរិយាទោរទន់ ពួនក្រោយផ្ទះស្រី”។
វត្តពោធិ៍កសាងនៅខែពិសាខ ឆ្នាំខាល សំរឹទ្ធិស័ក ពុទ្ធសករាជ ២៣៦១ ត្រូវនឹងគ្រិស្តសករាជ ១៨១៨។ គេដាក់ឈ្មោះថាជាវត្តពោធិ៍វាលព្រោះ ទីដីវត្តជាទួលមានវាលស្រែជុំវិញ និងមានពោធិ៍មួយដើមធំនៅខាងលិចទួល។ នេះបើយោងតាមឯកសាររៀបរៀងចងក្រងដោយអតីតព្រះចៅអធិការ អ៊ីវ ទួត៕

