ភ្នំពេញៈ លោក ប៉ាន សូរស័ក្ដ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជាបានស្នើឲ្យ Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ចិនជួយបង្កើនពាណិជ្ជកម្មអេឡិចត្រូនិក និងការជួញដូរអនឡាញនៅកម្ពុជា ដើម្បីរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជាក្នុងការផ្លាស់ប្តូរប្រទេសទៅជាសេដ្ឋកិច្ចឌីជីថល និងឈានទៅចាប់យកកំណើនថ្មីៗ។
សំណើនេះត្រូវបានធ្វើឡើងក្នុងឱកាសនៃជំនួបជាមួយលោក Yao Yuya អគ្គនាយកក្រុមហ៊ុន Huawei Cambodia នៅទីស្តីការក្រសួងកាលពីល្ងាចថ្ងៃពុធ។
លោក ប៉ាន សូរស័ក្ត បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យប្រើច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរួមចំណែកដល់ការអភិវឌ្ឍរហ័សនៃការជួញដូរពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការទិញទំនិញតាមអនឡាញនៅកម្ពុជា។
លោកលើកឡើងថា៖ «ក្រសួងពាណិជ្ជកម្មបាន និងកំពុងអនុវត្តរួមមាន ការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្តច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការរៀបចំបញ្ចប់យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងត្រៀមរៀបចំគម្រោងថ្មីមួយដែលផ្ដោតលើការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាលក្ខណៈអាជីវកម្ម និងអាជីវកម្ម សម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន និងសម្រាប់ទីផ្សារនៅក្នុងស្រុក»។
លោក Yao Yuya បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកកំពុងវិនិយោគជាច្រើនលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅក្នុងប្រទេសកម្ពុជា និងសេវាឌីជីថលផ្សេងទៀតដែលនេះជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ លោកនិយាយថា៖ «បច្ចុប្បន្នក្រុមហ៊ុនកំពុងបន្តការងារលើគម្រោងជាច្រើនសម្រាប់រដ្ឋាភិបាល»។
កាលពីថ្ងៃទី ១០ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុម័តលើអនុក្រឹត្យស្តីពីការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងគោលបំណងដើម្បីចូលរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចឲ្យប្រសើរឡើង និងទាក់ទាញការវិនិយោគនៅកម្ពុជា។
លោក ឡី សុភាព ប្រធានសហព័ន្ធពាណិជ្ជកម្មតាមអេឡិចត្រូនិកកម្ពុជាបានឲ្យដឹងក្នុងវេទិកាមួយកាលពីខែមីនាថា ពាណិជ្ជកម្មតាមរយៈអេឡិចត្រូនិក បានបើកចំហដល់ពិភពលោកនូវឱកាសជាច្រើនសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងស្រុក។ លោកឲ្យដឹងទៀតថា ខណៈដែលអ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនកំពុងកើនឡើង ហើយប្រទេសកម្ពុជាកំពុងចាប់យកបដិវត្តន៍ឧស្សាហកម្មទី ៤ មានក្រុមហ៊ុនកាន់តែច្រើនឡើងៗកំពុងជ្រើសរើសធ្វើឲ្យសេវារបស់ពួកគេអាចរកបានតាមរយៈអនឡាញ។
លោកថ្លែងថា៖ «ប្រតិបត្តិករពាណិជ្ជកម្មតាមរយៈអេឡិចត្រូនិកនឹងបានទទួលប្រាក់ចំណេញកាន់តែច្រើន បើពួកគេប្រតិបត្តិការដោយស្របតាមច្បាប់។ រដ្ឋាភិបាលកំពុងជំរុញឲ្យក្រុមហ៊ុនពាណិជ្ជកម្មតាមរយៈអេឡិចត្រូនិកចុះបញ្ជី»។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្លាប់មានប្រសាសន៍កាលពីមុនថា សេដ្ឋកិច្ចឌីជីថលកំពុងលេចចេញជារូបរាងនៅក្នុងប្រទេសកម្ពុជា និងកំពុងបង្កើតសេវាថ្មីៗដូចជា ការទូទាត់ឌីជីថល ការកម្សាន្តអនឡាញ និងពាណិជ្ជកម្មតាមរយៈអេឡិចត្រូនិក។ លោកបន្តថា បណ្ដាប្រទេសជាច្រើនដែលធ្វើបដិវត្តន៍ឧស្សាហកម្មទី ៤ ភាគច្រើនជាប្រទេសដែលបង្ហាញពីភាពបត់បែនក្នុងការទទួលយកការផ្លាស់ប្តូរសេដ្ឋកិច្ច។
លោកបន្ថែមថា៖ «សម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា បច្ចេកវិទ្យាថ្មីៗកំពុងផ្ដល់ឱកាសក្នុងការលោតផ្លោះដំណាក់កាលដោយចៀសផុតពីដំណាក់កាលអភិវឌ្ឍន៍តាមបែបប្រពៃណី»។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា៖ «នៅក្នុងបរិការណ៍នៃការធ្វើសកលភាវូបនីយកម្ម និងការធ្វើសមាហរណកម្មពិភពលោកពិតណាស់ប្រទេសកម្ពុជាមិនអាចចៀសផុតពីឥទ្ធិពលបដិវត្តន៍ឧស្សាហកម្មទី ៤ បានទេ ដែលនោះទាមទារឲ្យរដ្ឋាភិបាលផ្ដោតការយកចិត្តទុកដាក់លើការចាប់យកឱកាសជាច្រើន ព្រមទាំងការគ្រប់គ្រងហានិភ័យផងដែរ»។
កាលពីឆ្នាំមុន រដ្ឋាភិបាលកម្ពុជាបានសម្រេចលៃទុកប្រាក់ ៥ លានដុល្លារ ក្នុង ១ ឆ្នាំ ដើម្បីគាំទ្រក្រុមហ៊ុនបង្កើតថ្មីផ្នែកបច្ចេកវិទ្យា៕